Today Internet

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារជូនដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច

TNM(កំពង់ត្រឡាច) ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារជូនដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច សម្រាប់ទុកប្រើប្រាស់។ ដោយមានការចូលរួមពីលោក ឈឹម វុទ្ធា អភិបាលស្រុក លោក អាំ សុគន្ធ អភិបាលរងស្រុក។
​
ឯកឧត្តម អម សុភា បានមានប្រសាសន៍ទៅកាន់ក្រុមការងារគណៈកម្មការគ្រូពេទ្យមណ្ឌលចត្តាឡីស័ក ដែលកំពុងធ្វើការងារនៅមណ្ឌលចត្តាឡីស័កសូមឱ្យមានការយកចិត្តទុកដាក់នូវអនាម័យ និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសអនុវត្តឱ្យបាននូវវិធានគឺ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ សម្ភារដែលឯកឧត្តម និងក្រុមការងារ នាំយករួមមាន៖ ម៉ាស់ចំនួន ៥០ប្រអប់, ទឹកបរិសុទ្ធចំនួន ២០កេស។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំស្រុកកំពង់ត្រឡាច បានថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានគិតគូរពីសុខទុក្ខដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកំលាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កទាំងអស់នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទដែលជាប់ទាក់ទង