សេចក្តីប្រកាសព័ត៌មាន ទុនខ្មែរ ៦,៦លានដុល្លារ បង្កើតរោងចក្រត្រីខដំបូងគេនៅកម្ពុជា ! « ក្រយា » យកត្រី និងគ្រឿងទេសខ្មែរផលិតត្រីខកំប៉ុងស្តង់ដាអន្តរជាតិ
ភ្នំពេញ, ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ៖ រោងចក្រត្រីខដំបូងគេនៅកម្ពុជា ក្រោមទុន ៦,៦លានដុល្លារ របស់កូនខ្មែរ ត្រូវបានសាងសង់រួចរាល់នៅខេត្តកែប ។ ត្រីពីអ្នកនេសាទខ្មែរ និងគ្រឿងទេសក្នុងស្រុក នឹងត្រូវកែច្នៃចេញជាផលិតផលម៉ាក « ក្រយា » ដែលគ្រោងចេញលក់ផ្លូវការមុនដំណាច់ឆ្នាំ២០២៦ ។
រោងចក្រនេះវិនិយោគដោយក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន នៅលើផ្ទៃដី ១៤ហិកតា នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ។ បច្ចុប្បន្ន ខ្សែផលិតកម្មស្របតាមស្តង់ដាអន្តរជាតិ ត្រូវបានដំឡើងរួចរាល់ ហើយក្រុមហ៊ុនកំពុងត្រៀមចាប់ផ្តើមផលិតសាកល្បងនាពេលឆាប់ៗ ដោយផ្តើមពីត្រីកាម៉ុង មុនពង្រីកទៅត្រីទឹកសាប ដូចជា ត្រីរៀល ។
លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន និយាយថា ៖ « កម្ពុជាមានធនធានច្រើន ហើយយើងមើលឃើញឱកាសក្នុងការយកអ្វីដែលយើងមានស្រាប់ មកកែច្នៃជាផលិតផលរបស់យើង ។ អ្វីដែលយើងចង់ធ្វើ គឺបង្កើតសមត្ថភាពផលិតនៅក្នុងប្រទេស បង្កើតការងារ និងបង្កើនតម្លៃឱ្យធនធានកម្ពុជា ។ ខ្ញុំជឿថា ខ្មែរយើងមានសមត្ថភាពធ្វើបាន ហើយអាចបង្កើតផលិតផលដែលមានគុណភាព និងស្តង់ដា » ។
ការបង្កើត « ក្រយា » កកើតឡើងក្នុងពេលដែលជម្លោះជាមួយប្រទេសជិតខាង បានធ្វើឱ្យការពង្រឹងសមត្ថភាពផលិតក្នុងស្រុក កាន់តែទទួលបានការចាប់អារម្មណ៍ ។ ចំពោះលោក ដេវីដសំបូរ វិបត្តិនេះបានពង្រឹងជំនឿមួយដែលលោកមានស្រាប់ថា ធនធានរបស់កម្ពុជា គួរត្រូវបានកែច្នៃ និងបង្កើតតម្លៃនៅក្នុងស្រុកកាន់តែច្រើន ។
ចំណុចនេះត្រូវបានឆ្លុះបញ្ចាំងតាំងពីការជ្រើសរើសវត្ថុធាតុដើម ។ ក្រុមហ៊ុនបានធ្វើការជាមួយសហគមន៍នេសាទ ដោយប្រភពត្រីសម្រាប់ការផលិតនឹងមកពី កែប កំពត និងកោះកុង ។ គ្រឿងផ្សំមួយចំនួនក៏ត្រូវបានជ្រើសរើសពីផលិតផលក្នុងស្រុក រួមមាន ស្ករត្នោតកំពង់ស្ពឺ អំបិលកែប និងម្រេចកំពត ។
តាមរយៈខ្សែច្រវាក់នេះ រោងចក្រនឹងភ្ជាប់ការផលិតត្រីខទៅនឹងសហគមន៍នេសាទ អ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងកម្លាំងពលកម្មក្នុងស្រុក។
លោក ដេវីដសំបូរ និយាយថា៖ «យើងចង់បង្កើតឱកាសការងារដល់បងប្អូនខ្មែរ និងយកធនធានកម្ពុជា
មកកែច្នៃជាផលិតផលដែលមានស្តង់ដា ។ យើងមានអ្វីជាច្រើននៅក្នុងដៃ ហើយបើយើងបន្ថែមភាពតស៊ូ ភាពច្នៃប្រឌិត និងការវិនិយោគត្រឹមត្រូវ ខ្មែរយើងអាចផលិតបាន ។ និយាយសាមញ្ញ គឺខ្មែរធ្វើបាន » ។
ចំពោះ សៃសាន់ អ៊ីនវេសម៉ិន រោងចក្រត្រីខនេះគឺជាជំហានដំបូងនៃការពង្រីកសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ។ លោក ងន ដេវីដសំបូរ ក៏បានលើកឡើងពីលទ្ធភាពអភិវឌ្ឍផលិតផលផ្សេងទៀតនាពេលអនាគត ដូចជា ទឹកត្រី និងផលិតផលកែច្នៃផ្សេងៗ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ៕ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


